ដឹង​ល្បិច​ទាំង ៧ នេះ​! ចង់​ចេះ​និយាយ​ភាសា​ណាមួយ​ក្នុងពេល​តែ ៧ ថ្ងៃ គ្មានអ្វី​ពិបាក​ទេ​


 ​តើ​អ្នក​ពិតជា​ត្រូវ​ធ្វើដំណើរ​ក្រៅប្រទេស​ដើម្បី​រៀន​ភាសា​របស់​ប្រទេសមួយ​នោះ​មែន​ទេ​? កូនភ្លោះ​ចេះ ១០ ភាសា​ទាំងពីរ​នាក់​នេះ​បាន​បបួលគ្នា​រៀន​ភាសា​មួយ​ឱ្យ​ចេះ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​នៅ​ទីក្រុង​បែរ​ឡាំង ជាទី​ក្រុង​កំណើត​របស់​អ្នក​ទាំងពីរ​។ តើ​យើង​នឹង​ក្រេបជញ្ជក់​បទពិសោធន៍​អ្វីខ្លះ​អំពី​របៀប​រៀនសូត្រ​រប​ស់​ពួកគេ​? 
​    ​តើ​អាចទៅរួច​ទេ​ក្នុងពេល​តែមួយ​សប្តាហ៍​? ប្រសិនបើ​អ្នក​តាំងចិត្ត​សម្រេច​គោលដៅ​ឱ្យបាន​ក្នុងពេល ៧ ថ្ងៃ អ្នក​ប្រាកដជា​ធ្វើបាន​។ តើ​អ្នកមាន​មហិច្ឆតា​ប៉ុនណា​ដែរ​ដើម្បី​សម្រេច​គោលដៅ​ណាមួយ​? នេះ​ជា​សំណួរ​ដែល​កូនភ្លោះ​ចេះ​និយាយ​ច្រើន​ភាសា​ឈ្មោះ Matthew និង Michael Youlden បាន​បង្ហោះ​លើ​អ៊ី​ន​ធឺ​ណេ​ត នៅពេល​ពួកគេ​ប្តេជ្ញាចិត្ត​រៀន​ភាសា​តួ​ក​គី​ឱ្យ​ចេះ​ក្នុងពេល​មួយ​សប្តាហ៍​។ ពួកគេ​បាន​ដកខ្លួន​ចេញពី​រាល់​ការរំខាន និង​ទំនួល​ខុសត្រូវ​នានា​ក្នុង​ជីវិត​សម័យ​ទំនើប​ដើម្បី​យក​ពេល ៨ ម៉ោង​ពេញ​រៀន​ភាសា​ថ្មី​រាល់ថ្ងៃ​។ ខាងក្រោម​នេះ​ជា​រឿង​ទាំង ៧ យ៉ាង ដែល​ពួកគេ​ប្រើប្រាស់​ដើម្បី​រៀន​ចេះ​ភាសា​មួយ​ក្នុងពេល ៧ ថ្ងៃ​។ 
​    ​១. ត្រូវ​ចេះ ចង់ដឹង​ចង់​ស្គាល់​
​    ​ពួកគេ​បាន​ទៅ​តំបន់​ដែលមាន​ជនជាតិ​តួ​ក​គី​រស់នៅ​ចំនួន ៣០ ម៉ឺន​នាក់​ក្នុង​ទីក្រុង​បែរ​ឡាំង​របស់​អាល្លឺម៉ង់​។ ពួកគេ​បាន​សួរនាំ និង​ឆ្ងល់​លិច​ឆ្ងល់​កើត​គ្រប់យ៉ាង​ដើម្បី​ដឹង​នូវ​អ្វីដែល​ពួកគេ​ចង់ដឹង​ពី​ជនជាតិ​តួ​ក​គី​ទាំងនោះ​។ 
​     ២. ប្រើ​ក្រដាស​ស្អិត​បិត​ជញ្ជាំង​
​    ​បន្ទាប់ពី​រៀន​ចេះ​ភាសា​ថ្មី​ភ្លាម ត្រូវ​កត់​វា​ចូល​ក្រដាស​បិត​ជញ្ជាំង​ដើម្បី​ឃើញ​វា​ជានិច្ច​នៅពេល​ដើរចេញ​ដើរចូល​ឆ្លងកាត់​ក្រដាស​ទាំងនោះ​។ 
​    ​៣. រក​ដៃគូ​
​    ​ការ​មាន​ដៃគូ​រៀន​ភាសា​ជាមួយគ្នា​គឺជា​ការជំរុញ​ទឹកចិត្ត​ឱ្យ​កាន់តែ​ចង់​រៀនសូត្រ និង​រៀន​ឆាប់​ចេះ​។ ដោយសារ​ពួកគេ​ជា​កូនភ្លោះ ដូច្នេះ​ពួកគេ​បាន​យកគ្នា​ធ្វើជា​ដៃគូ​រៀនសូត្រ​ជាមួយគ្នា​និង​រំលឹក​គ្នា សួរ​គ្នា ប្រាប់​គ្នា​គ្រប់​អ្វីៗ​ដែល​បាន​រៀនសូត្រ​ជាមួយគ្នា​។ 
​    ​៤. រក​គ្រឿង​លើកទឹកចិត្ត​ខ្លួនឯង​
​    ​បន្ទាប់ពី​បាន​រៀន​ពាក្យ​ជាច្រើន​រួចមក កូនភ្លោះ​ទាំងពីរ​បាន​ព្យាយាម​រក​នឹក​វិធី​អ្វី​ដើម្បី​ជំរុញ​ទឹកចិត្ត​ពួកគេ​បន្ថែមទៀត តាមរយៈ​ការយក​នូវ​អ្វីៗ​ដែល​បាន​រៀន ទៅប្រាប់​ជនជាតិ​តួ​ក​គី​ទាំងនោះ​ដើម្បី​ទទួលបាន​ការជំរុញ​ទឹកចិត្ត​ពី​ជនជាតិ​តួ​ក​គី​ទាំងនោះ​។ ជនជាតិ​តួ​ក​គី​ទាំង​នោះបាន​ប្រតិកម្ម​ទាំង​ភ្ញាក់ផ្អើល​ពេល​បានដឹងថា​កូនភ្លោះ​នេះ​រៀន​ភាសា​ខ្លួន​ឆាប់​ចេះ​យ៉ាងនេះ​។ ពាក្យ​សរសើរ​របស់​ជនជាតិ​តួ​ក​គី​បានផ្តល់​ជា​កម្លាំងចិត្ត​រឹតតែ​ខ្លាំង​ដល់​កូនភ្លោះ​នេះ​។ 
​    ​៥. និយាយ​ភាសា​ទាំងនោះ​ចេញមកក្រៅ​ឱ្យឮៗ​
​    ​កូនភ្លោះ​ទាំងពីរ​មិន​ត្រឹមតែ​រៀន​ពាក្យ​តួ​ក​គី​ប៉ុណ្ណោះ​ទេ តែ​ពួកគេ​ថែមទាំង​ស្វះ​ស្វែងរក​ការសន្ទនា​ជាមួយ​ជនជាតិ​តួ​ក​គី​ទាំងនោះ ដោយ​សួរ​ជជីក​គ្រប់​ប្រយោគ​ទាំងអស់ ដែល​ពួកគេ​ចង់​ចេះ​។ 
​    ​៦. ប្រើប្រាស់​អ្វីដែល​អ្នក​បានដឹង​
​    ​ប្រៀបធៀប​អ្វីដែល​អ្នក​បានដឹង​ក្នុង​ភាសាជាតិ ជាមួយនឹង​ភាសាបរទេស​ដែល​បាន​រៀន ដោយ​គូស​ជា​មែកធាង និង​បំបែក​ជា​មែក​តូចៗ​ជាច្រើន​ទៀត​ដើម្បី​រាយ​នាម​ពាក្យ​ដែល​ទាក់ទង​គ្នា​។ ធ្វើ​ដូច្នេះ​គឺ​ឆាប់​ចេះ និង​ចងចាំ​មិន​ងាយ​ភ្លេច​ទេ​។ 
​    ​៧. ស្រាវជ្រាវ​គ្រប់​ប្រភព​ទាក់ទង​នឹង​ភាសាបរទេស​នោះ​
​    ​ក្រៅពី​ទៅ​ជួប​ផ្ទាល់​និង​រៀន​ផ្ទាល់​ពី​ជនជាតិ​តួ​ក​គី​ទាំងនោះ កូនភ្លោះ​ទាំងពីរ​បាន​ស្វះ​ស្វែងរក​ប្រភព​ផ្សេង​បន្ថែមទៀត​ដើម្បី​ពង្រឹង​ភាសា​តួ​ក​គី ក្នុងនោះ​មានដូចជា ធ្វើ​លំ​ហាត់ អាន​សៀវភៅ ឆែក​មើល​តាម​អ៊ី​ន​ធឺ​ណេ​ត ដោ​ន​ឡូត App ភាសា​តួ​ក​គី ស្តាប់​វិទ្យុ​ជា​ភាសា​តួ​ក​គី អាន​វេ​ប​សាយ​កីឡា​តួ​ក​គី​ដែល​ពួកគេ​ចូលចិត្ត និង​ធ្វើ​អ្វីៗ​ជាច្រើន​ទៀត​ឱ្យតែ​ទាក់ទង​ភាសា​តួ​ក​គី​។ 
​    ​ចុងក្រោយ ដើម្បី​សម្រេចបាន​គោលដៅ​រៀន​ភាសា​ណាមួយ​ឱ្យ​ចេះ​គឺ​ត្រូវដាក់​ចិត្ត​ដាក់​កាយ​រៀន​វា​ឱ្យ​ទាល់តែ​ចេះ និង​អនុវត្តតាម​គន្លឹះ​ទាំង ៧ ខាងលើ​៕

 ប្រភព៖ babbel











0 comments so far,add yours