ខ្ញុំធ្លាប់អានពាក្យមួយដែលគេសរសេរថា “មនុស្សយើងប្រែក្លាយជាល្អឥតខ្ចោះនៅក្នុងក្រដាស CV” ហើយខ្ញុំក៏ជឿលើរឿងនេះដែរ។ តែឥលូវនេះ មិនមែនតែក្នុង CV ទេដែលមនុស្សប្រឹងរៀបខ្លួនបិទបាំងចំណុចអាក្រក់នោះ គេបែរមកធ្វើល្អក្នុងហ្វេសប៊ុកវិញម្តង។
តើវាយ៉ាងម៉េចវិញ?
វាជាការចម្លងគ្នាពីចាស់មកក្មេង។ ក្មេងៗ ឃើញពួកអ្នកធំ ចាស់ៗ ប្រឹងយកមុខតាមកញ្ចក់ទូរទស្សន៍ ហេតុនេះក៏ប្រឹងយកមុខតាមសង្គមហ្វេសប៊ុកដែរទៅ។ ក្មេងៗគិតថា ការធ្វើបែបនេះ នឹងជួយឱ្យគេបានឈ្មោះជាមនុស្សល្អ។ អ្នកណាក៏ចង់បានឈ្មោះជាមនុស្សល្អដែរ ទោះបីក្នុងចិត្តស្មោគគ្រោកប៉ុណ្ណាក៏ដោយ។ ប៉ុន្តែ ការគ្រាន់តែចង់បានឈ្មោះនេះហើយដែលវាបង្កឡើងជាបញ្ហា។
នៅពេលឃើញ គេ Post ទាក់ទងនឹងជនពិការ ឬអ្នកក្រីក្រ មានមនុស្សជាច្រើនចូលទៅ Comment ថាអានិតណាស់ ប៉ុន្តែបើមានជនពិការ ឬក្មេងៗមកសុំលុយតាមផ្លូវវិញ បែរជាធ្វើមិនឃើញ។ ខ្ញុំធ្លាប់ឃើញច្រើនណាស់ ហើយខ្ញុំយករឿងនេះធ្វើជាការសាកល្បងសម្រាប់ខ្លួនខ្ញុំទៀតផង។
ជាទូទៅ ពេលដែលខ្ញុំជិះម៉ូតូតាមផ្លូវ ខ្ញុំដកលុយរាយខ្លះ ដាក់ជាប់ខ្លួន ព្រោះខ្ញុំដឹងថា តាមស្តុប មានគេមកសុំលុយ។ ខ្ញុំមិនដឹងថាអ្នកសុំគេយកលុយទៅធ្វើអីទេ អ្វីដែលខ្ញុំចង់ដឹងគឺ ខ្លួនខ្ញុំចេះធ្វើអំពើល្អដែរឬអត់។ ពេលដែលគេមកសុំ យ៉ាងច្រើនណាស់ មានមនុស្សតែពីរ ឬបីនាក់ទេដែលហុចលុយឱ្យ។ ចុះអ្នកផ្សេងទៀត គេមើលមិនឃើញ ឬយ៉ាងម៉េច? តាមពិតគេមើលឃើញ តែធ្វើជាមើលមិនឃើញ។
មានការស្រាវជ្រាវមួយបានលើកឡើងថា បើសិនជាមនុស្សបញ្ចេញសកម្មភាពអាណិតអាសូរកាន់តែខ្លាំងនៅលើហ្វេសប៊ុក នោះក្នុងជីវិតពិតរបស់ពួកគេនឹងកាន់តែលែងមានភាពអាណិតអាសូរ។ មូលហេតុគឺ មកពីពួកគេមានអារម្មណ៍ថាខ្លួនឯងបានធ្វើរឿងល្អរួចហើយ ដោយការចុច Like ឬ Comment ធ្វើមុខយំអីហ្នឹង។
ខ្ញុំមិនមែនថា ការដែលយើងធ្វើអីនៅលើហ្វេសប៊ុក ជារឿងមិនល្អទេ តែខ្ញុំគិតថា យើងគួរតែធ្វើនៅខាងក្រៅខ្លះផង។ អំពើល្អ មិនប្រកាន់មនុស្សទេ។ យើងមិនត្រូវការឈ្មោះជាមនុស្សល្អអីទេ តែយើងត្រូវការធ្វើអំពើល្អឱ្យបានច្រើន។ យើងអត់ធ្វើដើម្បីអ្នកណាទេ គឺយើងធ្វើដើម្បីខ្លួនឯង។
ការធ្វើល្អយកមុខ ជាគ្រឿងលម្អរបស់មនុស្សបោកប្រាស់ ដែលយើងឧស្សាហ៍ឃើញអ្នកនយោបាយ អ្នកសិល្បៈ និងអ្នករកស៊ីមិនត្រឹមត្រូវ យកមកប្រើ។ កាស៊ីណូណាហ្គាវើល បង្កើតការប្រកួតបាល់ទាត់ និងធ្វើជំនួយសប្បុរសផ្សេងៗ ដើម្បីបិទបាំងផលប៉ះពាល់នៃល្បែងស៊ីសងមកលើប្រជាជនខ្មែរ។ អ្នកសិល្បៈ ប្រឹងធ្វើបុណ្យហើយថតបង្ហោះដើម្បីលើកស្ទួយប្រជាប្រិយភាពរបស់ពួកគេ។ សម្តេច ងាកមកប្រើហ្វេសប៊ុកយ៉ាងខ្លាំងក្លាដើម្បីបង្ហាញថាគាត់យកចិត្តទុកដាក់នឹងប្រជាជន។ នៅមានច្រើនទៀត…។
បើសិនជាបានអានហើយ សូមគិតផង តើយើងកើតមកដើម្បីធ្វើជាមនុស្សក្លែងក្លាយរបៀបនេះ ឬមិនមែន? ឥលូវនេះ មានមនុស្សក្លែងក្លាយច្រើនណាស់នៅលើហ្វេសប៊ុក ដូច្នេះយើងកុំទៅចូលរួមនឹងពួកនោះអី។
មាន Page មួយនោះ បានយកសៀវភៅដែលខ្ញុំខំសរសេរយកទៅ Post ដោយមិនប្រាប់ខ្ញុំមួយម៉ាត់។ គេសរសេរថា Post ដើម្បីចំណេះដឹង។ មិនដឹងជាចំណេះដឹងអីទេហា បើមើលចេះគោរពសិទ្ធិអ្នកនិពន្ធបន្តិចផងហ្នឹង?
ខ្ញុំខ្ជិលសរសេរទៀតណាស់។ សាកបើកមើលហ្វេសប៊ុកដោយខ្លួនឯងទៅ នឹងដឹងហើយ។ ចូលមើល Profile របស់មនុស្សណាម្នាក់ដែលយើងស្គាល់ ហើយប្រៀបធៀបនឹងចរិតខាងក្រៅរបស់គេ យើងនឹងដឹងថា អ្នកក្នុងហ្វេសប៊ុកភាគច្រើនលាក់ចរិតពិត ប្រឌិតចរិតល្អ
អូ! ឈប់សិន ខ្ញុំមិនទាន់បានលើកឧទាហរណ៍ពី លោកឧកញ៉ាម្នាក់នោះផង។ នៅក្នុងការសម្ភាសមួយ ខាងអ្នកកាសែតបានសួរគាត់ទាក់ទងនឹងការឱ្យតម្លៃទៅលើស្នាដៃកូនខ្មែរ។ គាត់និយាយថា ពួកបរទេស មកធ្វើការស្រាវជ្រាវនៅស្រុកខ្មែរ ប្រើកូនខ្មែរឱ្យស្រាវជ្រាវ ហើយបន្ទាប់មករៀបរៀងជាសៀវភៅទៅលក់ស្រុកក្រៅ ហើយមិនបញ្ចេញ Credit ឱ្យកូនខ្មែរទេ។ គាត់ថា បរទេសមិនឱ្យតម្លៃការខំប្រឹងរបស់ខ្មែរ ថែមទាំងបោកប្រើទៀត។
ខ្ញុំខំតែជឿពាក្យគាត់។ ដល់ពេលដែលខ្ញុំសរសេរសៀវភៅឱ្យគាត់រួចហើយ គាត់ក៏ក្រឡាស់សម្តីវិញ។ បើប្រាប់ថាមកពីហេតុអីបានជាមិនបោះពុម្ពឱ្យខ្ញុំ ខ្ញុំក៏អស់ចិត្តដែរ តែនេះសួរអត់ឆ្លើយ អត់រវល់ជាមួយតែម្តង។ ខ្ញុំភ្លេចគិតថា ឧកញ៉ានេះក៏ជាបរទេសដែរ។ គាត់គ្រាន់តែយកសញ្ជាតិខ្មែរ មកប្រើដើម្បីស្រួលរកស៊ីក្នុងស្រុកប៉ុណ្ណោះ។ គាត់ស្គាល់តម្លៃនៃការខំប្រឹងណាស់។ ខ្ញុំសរសេរសៀវភៅមួយក្បាលជិតកន្លះឆ្នាំ គាត់លេបពាក្យយ៉ាងស្រួល។
នៅលើហ្វេសប៊ុក ដូចដែលយើងបានឃើញហើយ គាត់ជាមនុស្សមានសម្តីទន់ភ្លន់ រួសរាយ ចេះចាយលុយ ស្លៀកពាក់ស្អាតបាត ប៉ុន្តែអត់មានភាពស្មោះត្រង់ និងមិនរក្សាសន្យារបស់ខ្លួន។ គាត់បានផ្តល់មេរៀនមួយយ៉ាងធំដល់ខ្ញុំសម្រាប់ឆ្នាំ ២០១៦ ។ កុំជឿអ្វីដែលយើងបានឃើញនៅលើហ្វេសប៊ុក និងកុំជឿអ្នកដែលមានងារជា ឧកញ៉ា
ខ្ញុំសូមសរុបម្តងទៀតចុះ។ នៅលើហ្វេសប៊ុកមានមនុស្សលាក់ពុតច្រើនរួចហើយ មិនបាច់មានយើងម្នាក់ ក៏មិនអីដែរ។ មិនបាច់ជឿទេ គ្រាន់តែដឹងបានហើយ ព្រោះគ្រប់យ៉ាងនៅលើហ្វេស ប៊ុកគ្រាន់តែជាការផ្សាយពាណិជ្ជកម្មរបស់អ្នកទាំងនោះប៉ុណ្ណោះ។ ធ្វើអំពើល្អឱ្យបានច្រើន តាមសមត្ថភាពរបស់យើង ព្រោះវាជួយយើងឱ្យសប្បាយចិត្ត។

 ប្រភព៖​​​  http://houtsengkea.me/goodness-on-facebook/

0 comments so far,add yours