មនុសុ្សយើងមានទម្លាប់ខុសៗគ្នារឿងញ៉ាំអាហារ។ អ្នកខ្លះគិតថា ញ៉ាំអាហារពេលព្រឹកនាំឱ្យតែខាតពេល ចាំញ៉ាំអាហារថ្ងៃត្រង់សរុបតែម្តងទៅល្អជាង។ ឯអ្នកខ្លះគិតថា បើរវល់តែញ៉ាំអាហារពេលព្រឹកពិតជាទៅធ្វើការមិនទាន់ទេ ព្រោះគ្រាន់តែក្រោកពីដំណេកងូតទឹកតែងខ្លួនហើយ សល់ពេលល្មមត្រឹមជិះទៅដល់កន្លែង ហើយចូលធ្វើការតែម្តង។ អ្នកខ្លះទៀតគិតថា ត្រឹមតែកាហ្វេមួយពែង ឬមួយកែវអាចជំនួសអាហារពេលព្រឹកបានហើយ។ តាមពិតទៅ អាហារពេលព្រឹកគឺជាអាហារពេលដែលសំខាន់ជាងគេបង្អស់។ ខាងក្រោមនេះជាហេតុផល ៥ យ៉ាងដែលអ្នកមិនគួររំលង ឬមិនញ៉ាំអាហារពេលព្រឹក៖
១. មិនញ៉ាំអាហារពេលព្រឹកអាចធ្វើឱ្យអ្នកកាន់តែឡើងទម្ងន់
ពេលអ្នកផ្លោះមិនឱ្យអាហារពេលព្រឹកបានសួស្តីក្រពះពេលព្រឹកព្រលឹម រាងកាយអ្នកត្រៀមជាស្រេចក្នុងការរក្សាទុកថាមពល។ ពេលអ្នកចាប់ញ៉ាំ រាងកាយនឹងមិនអាចដុតកម្លោចកាឡូរីបានត្រឹមត្រូវនោះទេ ពោលគឺរាងកាយនឹងត្រូវរក្សាថាមពលទុកប្រើនាពេលក្រោយទៀតដែលជាហេតុធ្វើឱ្យការរម្លាយអាហារត្រូវបានកាត់បន្ថយ។ ចំណុចនេះក៏នឹងធ្វើឱ្យអ្នកប្រឈមនឹងការឡើងទម្ងន់ជាងអ្នកដែលទទួលទានអាហារពេលព្រឹកផងដែរ។ ការមិនញ៉ាំអាហារពេលព្រឹក វាក៏នឹងធ្វើឱ្យអ្នកអាចនឹងទទួលទានអាហារមិនត្រឹមត្រូវផ្សេងៗទៀតផងដែរ។
២. ធ្វើឱ្យអ្នកមានអារម្មណ៍ឆាប់ខឹង
មិនញ៉ាំអាហារពេលព្រឹកនឹងធ្វើឱ្យអ្នកឆាប់អស់កម្លាំង និងមានអារម្មណ៍មិនល្អ។ មិនបានជួបគ្នាជាមួយអាហារពេលព្រឹក ក្រពះពិតជាខឹង ហើយវាក៏នឹងមិនឱ្យអ្នកនៅសុខបានផងដែរ បើទោះជាខំធ្វើហីនឹងវាយ៉ាងណាក៏ដោយ។ អ្នកដែលទទួលទានអាហារពេលព្រឹកនឹងមានភាពនឹងធឹងក្នុងអារម្មណ៍ជាងអ្នកដែលមិនទទួលទានអាហារពេលព្រឹក។
៣. ប្រឈមនឹងសុខភាពបេះដូង
តាមការស្រាវជ្រាវមួយឱ្យដឹងថា ការរម្លងអាហារពេលព្រឹកធ្វើឱ្យយើងប្រឈមនឹងការគាំងបេះដូងជាងអ្នកដែលញ៉ាំអាហារពេលព្រឹក ព្រោះអ្នកមិនញ៉ាំអាហារពេលព្រឹកងាយទទួលរងនឹងអាការឡើងឈាមដែលធ្វើឱ្យសុខភាពបេះដូងស្ថិតក្នុងភាពប្រឈម។
៤. មានការប្រឈមខ្ពស់ទៅនឹងជំងឺទឹកនោមផ្អែមប្រភេទទី ២
ប្រការនេះកាន់តែគ្រោះថ្នាក់សម្រាប់ស្ត្រី។ ការស្រាវជ្រាវមួយឱ្យដឹងថា ស្ត្រីជ្រើសមិនទទួលទានអាហារពេលព្រឹកឱ្យបានត្រឹមត្រូវមានកម្រិតប្រឈមទៅនឹងជំងឺទឹកនោមផ្អែម ៥៤% ភាគរយជាងអ្នកទាំងឡាយណាដែលជ្រើសមិនរំលងអាហារពេលព្រឹក។
៥. សតិបញ្ញាចុះខ្សោយ និងភ្លេចភ្លាំងច្រើន
ការសិក្សាស្រាវ ជ្រាវមួយពីករណីនេះត្រូវបានគេធ្វើឡើងក្នុងរង្វង់កូនសិស្ស កម្រិតបឋមសិក្សាមួយ។ លទ្ធផលបង្ហាញថា ការចងចាំរយៈពេលខ្លីរបស់ក្មេងៗដែលមកសាលាដោយមិនបានញ៉ាំអាហារ ពេលព្រឹកមានកម្រិតទាបជាងក្មេងដែលបានទទួលទានអាហារពេលព្រឹក។ លទ្ធផលបានពីការស្រាវជ្រាវមួយផ្សេងទៀតពីក្រុមសិស្សជំទង់ក៏ បង្ហាញស្រដៀងគ្នានឹងលទ្ធផលរបស់សិស្សបឋមសិក្សាខាងលើផងដែរ៕
ប្រភពដោយ៖ https://mohameas.com/
0 comments so far,add yours