តើរាល់ថ្ងៃនេះ ការ​ងារ​របស់​អ្នក​តម្រូវ​ឱ្យ​​អ្នក​ត្រូវ​អង្គុយ​មួយ​កន្លែង​សម្លឹង​មើល​អេក្រង់​កុំព្យូទ័រ​ដដែលៗ​ជា​រៀង​រាល់​ថ្ងៃ​មែន​ទេ​? តើ​អ្វី​ដែល​អ្នក​អង្គុយ​លើ​ដោយ​ប្រើ​ពេល​ច្រើន​ជាង​គេ​បំផុត​ក្នុង​មួយ​ថ្ងៃ​គឺ​ជា​កៅអី​មែន​ទេ​? តើ​អ្វី​ដែល​អ្នក​ប៉ះ​ច្រើន​ម៉ោង​ជាង​គេ​បង្អស់​ក្នុង​មួយ​ថ្ងៃ​គឺ​ជា​ក្តារ​ចុច​របស់​កុំព្យូទ័រ​មែន​ទេ​? បើ​សិន​ជា​បែប​នេះ​មែន​នោះ តើ​អ្នក​មាន​ដឹង​ថា​ការ​អង្គុយ​ធ្វើ​ការ​យូរ​ច្រើន​ម៉ោង​នៅ​នឹង​កៅអី​អាច​ផ្តល់​ជា​ផល​ប៉ះ​ពាល់​អ្វី​ខ្លះ​ដល់​រាង​កាយ​អ្នក​ដែរ​ទេ? ខាង​ក្រោម​នេះ​ជា​ផល​ប៉ះ​ពាល់​ដែល​អ្នក​គួរ​យល់​ដឹង​៖
១. អង្គុយយូរធ្វើឱ្យចង្កេះ​រីក​ធំ
ការអង្គុយយូរ​ច្រើន​ម៉ោង​ដោយ​មិន​ឡើង​ដើរ​ទៅ​ណា​អាច​ធ្វើ​ឱ្យ​លើស​ជាតិ​ខ្លាញ់​នៅ​បរិវេណ​ពោះ​របស់​អ្នក​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពោះ​អ្នក​កាន់​តែ​រីក​ឡើង​ធំ និង​ក៏​ធ្វើ​ឱ្យ​ចង្កេះ​រីក​ធំ​ផង​ដែរ​។
២. អង្គុយយូរធ្វើឱ្យ​មាន​កម្រិត​ប្រឈម​ខ្ពស់​ទៅ​នឹង​ជំងឺ​មហារីក
ការស្រាវជ្រាវមួយឱ្យ​ដឹង​ថា ការ​អង្គុយ​ច្រើន​ម៉ោង​ពេក​អាច​ធ្វើ​ឱ្យ​រាង​កាយ​អ្នក​មាន​សមត្ថភាព​ខ្សោយ​ក្នុង​ការ​បញ្ចេញ​ជាតិ​ពុល​ពី​រាង​កាយ​។ ការ​មាន​ជាតិ​ពុល​ច្រើន​ហួស​ប្រមាណ​ក្នុង​រាង​កាយ​ធ្វើ​ឱ្យ​ចំនួន​នៃ​កោសិកា​មិន​ប្រក្រតី​កើន​ឡើង​ច្រើន​ដែល​អាច​ឈាន​ទៅ​ដ​ល់​ការ​កើត​ជំងឺ​មហារីក​។
៣. អង្គុយយូរអាចបណ្តាល​ឱ្យ​មាន​អារម្មណ៍​តប់​ប្រមល់
ការអង្គុយនៅ​នឹង​មួយ​កន្លែង​យូរ​ច្រើន​ម៉ោង​ជាប់ៗ​គ្នា​អាច​បន្ថយ​សមត្ថភាព​ឈាម​ក្នុង​ការ​នាំ​យក​កម្រិត​អុកស៊ីសែន​ទៅ​កាន់​ខួរ​ក្បាល​។ ពេល​ឈាម​ពុំ​ទទួល​បាន​បរិមាណ​អុកស៊ីសែន​គ្រប់​គ្រាន់ អ្នក​អាច​ប្រឈម​ទៅ​នឹង​ជំងឺ​ខួរ​ក្បាល​ដូច​ជា តប់​ប្រមល់​ក្នុង​អារម្មណ៍ និង​ការ​ថប់​អារម្មណ៍​ជា​ដើម​។
៤. អង្គុយយូរធ្វើឱ្យ​ឈឺ​សន្លាក់
អង្គុយយូររាប់​ម៉ោង​ជាប់​នៅ​នឹង​លើ​កៅអី​តែ​មួយ​កន្លែង​ដោយ​មិន​បាន​ក្រោក​ចេញ​ទៅ​ណា​សោះ ធ្វើ​ឱ្យ​ឆ្អឹង​ និង​សាច់​ដុំ​របស់​អ្នក​ចុះ​ខ្សោយ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​ឈឺ​សន្លាក់ និង​ធ្វើ​ឱ្យ​ឆ្អឹង​ឆាប់​ចាស់​មុន​អាយុ​។
៥. អង្គុយយូរប្រឈម​នឹង​ជំងឺ​បេះដូង
អង្គុយយូរ​ជាប់​នៅ​នឹង​កៅអី​ច្រើន​ម៉ោង​មិន​ខ្ចី​ក្រោក​មិន​មែន​ជា​រឿង​ល្អ​នោះ​ទេ​។ វា​អាច​ធ្វើ​ឱ្យ​អ្នក​ឡើង​ទម្ងន់​ច្រើន​ ឡើង​​កម្រិត​កូឡេស្ទេរ៉ូល (Cholesterol) និង​ធាត់​លើស​ទម្ងន់​។ ភាព​មិន​ប្រក្រតី​នេះ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សុខភាព​បេះដូង ក៏​ដូច​ជា​ធ្វើ​ឱ្យ​អ្នក​ប្រឈម​នឹង​ពពួក​ជំងឺ​ស​សៃ​ឈាម​បេះដូង​ដូច​ជា​ជំងឺ​គាំង​បេះដូងជា​ដើម​។
សរុបមក កៅអី​ប្រៀប​ដូច​ជា​ច្រវ៉ាក់​ដែល​កំពុង​តែ​ទាក់​អ្នក​ឱ្យ​អង្គុយ​ជាប់​នៅ​នឹង​មួយ​កន្លែង​ងើប​ទៅ​ណា​មិន​រួច​អញ្ចឹង​។ បើ​ដឹង​ថា​កៅអី​ប្រៀប​ដូច​ជា​ច្រវ៉ាក់​ហើយ​នោះ កុំ​ភ្លេច​ឧស្សាហ៍​ក្រោក​ចេញ​ម្តង​ម្កាល​ដើរ​ទៅ​ណា​មក​ណា​ផង ឈប់​អង្គុយ​ភ្លឹក​តែ​នៅ​នឹង​មួយ​កន្លែង​ដូច​មុន​ទៀត​៕
ប្រភព៖ boldsky




0 comments so far,add yours